15 ប៉ុន្ដែ បើអ្នករាល់គ្នាមិនលើកលែងទោសដល់មនុស្សទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ក៏មិនលើកលែងទោសកំហុសរបស់អ្នករាល់គ្នាដែរ។
16 នៅពេលអ្នករាល់គ្នាតមអាហារ ចូរកុំធ្វើមុខក្រៀមដូចជាពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។
17 ដូច្នេះនៅពេលអ្នកតមអាហារ ចូរលុបលាងមុខ ហើយលាបប្រេងលើក្បាលចុះ
18 ដើម្បីកុំឲ្យអ្នកបង្ហាញដល់មនុស្សថា អ្នកកំពុងតមអាហារ ប៉ុន្ដែបង្ហាញដល់ព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងវិញ ហើយព្រះវរបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។
19 ចូរកុំសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរគាស់ទម្លាយចូលលួចផង
20 ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ
21 ដ្បិតទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅទីនោះដែរ។