ម៉ាថាយ 9:9-15 KCB

9 កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ម៉ាថាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ​ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​

10 ក្រោយ​មក​ ពេល​ព្រះអង្គ​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ ក៏​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​មក​ចូល​រួម​បរិភោគ​អាហារ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។​

11 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​បែប​នេះ​ ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

12 ពេល​ព្រះអង្គ​ស្ដាប់​ឮ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវការ។​

13 ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​

14 បន្ទាប់​មក​ សិស្ស​របស់​លោក​យ៉ូហាន​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ជា​ញឹកញាប់​ តែ​សិស្ស​របស់​លោក​មិន​តម​អាហារ​ដូច្នេះ?»​

15 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​