អេសាយ 11:11-16 KHOV

11 នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ

12 ទ្រង់​នឹង​លើក​ទង់​១​ឡើង​សំរាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី

13 ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រា‌អិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រា‌អិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន​ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ​ដល់​ពួក​អេប្រា‌អិម

14 គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា​សាសន៍​ភីលីស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា​មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដំម និង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ

15 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង​ដើរ​ឆ្លង​ទៅ​បាន

16 ហើយ​នឹង​មាន​ថ្នល់​១​សំរាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សំរាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។