អេសាយ 16 KHOV

ស្រុក​ម៉ូអាប់​ស្រែក​ហៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ជួយ

1 ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​សំរាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន

2 ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក

3 ចូរ​ជួយ​ប្រឹក្សា ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​ឯង​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​រត់​យោង​ខ្លួន​ឡើយ

4 ចូរ​ឲ្យ​ពួក​របស់​អញ ដែល​ត្រូវ​ពង្រាត់​នោះ បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​ឯង​ចុះ ចំណែក​ពួក​ម៉ូអាប់ ចូរ​ឲ្យ​ឯង​ធ្វើ​ជា​ទី​គ្រប​បាំង​ឲ្យ​គេ​បាន​ពួន​រួច​ពី​អ្នក​បំផ្លាញ ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់​ទៅ ការ​បំផ្លាញ​បាន​ឈប់​ស្ងប់ ហើយ​ពួក​ញាំ‌ញី​បាន​អន្តរ‌ធាន​ចេញ​ពី​ស្រុក​អស់​ទៅ

5 នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជំរះ ហើយ​រក​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

ក្រុង​យេរូ‌សាឡិម​ពុំ​អាច​ជួយ​ស្រុក​ម៉ូអាប់​បាន​ឡើយ

6 យើង​បាន​ឮ​និយាយ ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​ជា​អ្នក​អួត‌អាង​ណាស់ គឺ​ពី​សេចក្ដី​ឆ្មើង‌ឆ្មៃ សេចក្ដី​អំនួត និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​គេ​ផង តែ​ការ​អួត‌អាង​របស់​គេ​ជា​អសារ​ឥត​ការ​ទទេ

7 ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក

8 ដ្បិត​ចំការ​នៃ​ក្រុង​ហែសបូន សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ‌ពាស កាត់​ទាំង​សមុទ្រ​ផង

9 ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សំរែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ

10 ដូច្នេះ សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ

11 ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត

12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

13 នេះ​ហើយ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​ម៉ូអាប់​កាល​ពី​ដើម

14 តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66