អេសាយ 54 KHOV

ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ

1 ឱ​ស្ត្រី​អារ ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សំរាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​បង់​ខ្លួន​នៅ​តែ​ឯង នោះ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត

2 ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំរ៉ឹង​ឲ្យ​មាំ​ឡើង​ចុះ

3 ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។

4 កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​ឯង​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ពី​ព្រោះ​ឯង​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ ឯង​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​ឯង​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​ឯង​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ

5 ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ‌នាម​ទ្រង់ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ​នៃ​លោកីយ៍​ទាំង​មូល

6 ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ឯង​ទុក​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ‌បង់​ចោល​ហើយ ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំឡោះ ដែល​ត្រូវ​បង់​ចោល​ហើយ

7 អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង

8 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ។

9 ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​អញ ហើយ​ដែល​អញ​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន​ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​អញ​ក៏​ស្បថ​ថា អញ​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​ឯង ឬ​បន្ទោស​ឯង​ត​ទៅ​យ៉ាង​នោះ​ដែរ

10 ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ​សេចក្ដី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង។

11 ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង

12 អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត និង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​ដំឡៃ

13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ

14 ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ

15 មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង

16 មើល អញ​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សំរាប់​ជា​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សំរាប់​នឹង​បំផ្លាញ​ផង

17 ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្តាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្តី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66