អេសាយ 27 KHOV

1 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។

2 នៅ​គ្រា​នោះ នឹង​មាន​ចំការ សំរាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ជូន​ថា

3 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ

4 អញ​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​មក​ច្បាំង​នឹង​អញ នោះ​អញ​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បញ្ឆេះ​វា​អស់​រលីង

5 បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កំឡាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ

6 នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រា‌អែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។

7 តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី

8 គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ តាម​ព្រះ‌ហឫ‌ទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក

9 ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប

10 ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ

11 កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន‌ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។

12 នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង

13 ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66