អេសាយ 18 KHOV

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេត្យូពី

1 វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប​ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុក​គូស

2 ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ​ដោយ​បង្គាប់​ថា ចូរ​ទៅ​ចុះ ពួក​បំរើ​យ៉ាង​លឿន​អើយ ទៅ​ឯ​សាសន៍១​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ

3 ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ៍ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ កាល​ណា​ដំឡើង​ទង់​១​ឡើង​នៅ​លើ​ភ្នំ នោះ​ចូរ​មើល​ចុះ ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង នោះ​ចូរ​ស្តាប់​ដែរ។

4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា អញ​នឹង​នៅ​តែ​ស្ងៀម ហើយ​ពិចារណា​មើល​ពី​ទី​លំនៅ​របស់​អញ ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ​កំពុង​រដូវ​ប្រមូល​ផល

5 ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ នោះ​ទ្រង់​នឹង​យក​កាំបិត​កាត់​ទង ហើយ​នឹង​កាត់​ខ្នែង​ចេញ​ដែរ

6 ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា​មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ និង​អាស្រ័យ ដោយ‌សារ​ខ្មោច​គេ​អស់​១​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ ដោយ‌សារ​គេ​អស់​១​រដូវ​រងា

7 នៅ​គ្រា​នោះ គេ​នឹង​នាំ​យក​ដង្វាយ​១ មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ពី​សាសន៍១​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ គឺ​នឹង​នាំ​ដង្វាយ​នោះ​មក​ដល់​ភ្នំ​ស៊ីយ៉ូន ជា​ទី​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66