1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងទីរ៉ុស។នែ ពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីក្រុងឯងត្រូវបំផ្លាញហើយ ទាល់តែគ្មានផ្ទះណាសល់នៅ ឬផ្លូវណាចូលទៅបានឡើយ ដំណឹងនោះបានសំដែងឲ្យគេដឹងនៅត្រង់ស្រុកគីទីម
2 អស់ពួកអ្នកនៅតាមឆ្នេរសមុទ្រ ដែលបានស្បៀងគ្រប់គ្រាន់ ដោយសារពួកឈ្មួញពីក្រុងស៊ីដូន ដែលលក់ដូរតាមផ្លូវសមុទ្រអើយ ចូរស្ងៀមនៅចុះ
3 ទីក្រុងរបស់ឯងបានកំរៃ ដោយសារស្រូវពីស្រុកស៊ីហោរ ជាចំរូតនៃស្រុកក្បែរទន្លេធំ ដែលគេដឹកមកតាមផ្លូវសមុទ្រ ទីក្រុងនោះក៏ជាផ្សារសំរាប់គ្រប់ទាំងសាសន៍
4 ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានថា អញមិនបានឈឺចាប់ ឬសំរាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំឡោះ ឬស្រីក្រមុំដែរ
5 កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ
6 ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ
7 នេះឬ ដែលជាទីក្រុងអរសប្បាយរបស់ឯងរាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យនៅឯស្រុកឆ្ងាយនោះ។
8 តើអ្នកណាបានសំរេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ
9 គឺព្រះយេហូវ៉ានៃពួកពលបរិវារដែលបានសំរេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួតរបស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្តាសក្តិទាំងប៉ុន្មានដែលនៅផែនដីផង
10 ឱកូនស្រីស្រុកតើស៊ីសអើយ ចូរដើរចុះឡើងក្នុងស្រុកឯងដូចជាទន្លេ គ្មានការឃាត់ឃាំងទៀតឡើយ
11 ព្រះទ្រង់បានលូកព្រះហស្តទៅលើសមុទ្រ ទ្រង់បានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ា ទ្រង់បានបង្គាប់ពីដំណើរស្រុកកាណានថា ត្រូវឲ្យបំផ្លាញក្រុងមាំមួនរបស់គេ
12 ហើយទ្រង់មានព្រះបន្ទូលថា ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ ឯងនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើងឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។
13 មើលន៏ ស្រុករបស់សាសន៍ខាល់ដេ ពួកនោះមិនមែនជាសាសន៍ណាទេ ទាល់តែពួកអាសស៊ើរបានតាំងនគរឡើង ឲ្យពួកអ្នកដែលនៅទីរហោស្ថាននោះ គេបានដំឡើងប៉មរបស់គេ ហើយបានរំលំអស់ទាំងដំណាក់នៃក្រុងទីរ៉ុស ទាំងបំផ្លាញអស់រលីងទៅ
14 ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីមាំមួនរបស់ឯងបានត្រូវបំផ្លាញហើយ
15 នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់៧០ឆ្នាំ តាមព្រះជន្មនៃស្តេច១អង្គ លុះផុតពី៧០ឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចំរៀងរបស់ស្រីសំផឹង
16 ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ
17 លុះដល់ផុត៧០ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់នឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួល ដូចដើមវិញ ព្រមទាំងធ្វើសំផឹងនឹងគ្រប់ទាំងនគររបស់លោកីយ៍ ដែលនៅលើផែនដីផង
18 ឯការជំនួញ និងឈ្នួលរបស់គេ នោះនឹងបានជាសេចក្ដីបរិសុទ្ធដល់ព្រះយេហូវ៉ា គេនឹងមិនប្រមូលទុកទៀតទេ គឺទំនិញរបស់គេនឹងបានសំរាប់អស់អ្នកដែលអាស្រ័យនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានឆ្អែត ហើយសំរាប់ជាសំលៀកបំពាក់យ៉ាងជាប់លាប់ដែរ។