អេសាយ 39 KHOV

ព្រះ‌បាទ​ហេសេគា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន

1 នៅ​គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​ដង្វាយ​មក​ថ្វាយ​ហេសេគា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ

2 ហេសេគា​ទ្រង់​ក៏​មាន​សេចក្ដី​អំណរ​នឹង​គេ ហើយ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់ គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ

3 នោះ​ហោរា​អេសាយ​លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ គេ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន

4 រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ដំណាក់​យើង​ហើយ ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​ប៉ុន្មាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ

5 ដូច្នេះ អេសាយ លោក​ទូល​ដល់​ហេសេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សិន

6 មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

7 ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​គេ​នឹង​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន

8 ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ ក៏​ល្អ​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា គឺ​ពី​ព្រោះ​នៅ​ក្នុង​ជីវិត​យើង នោះ​នឹង​មាន​សេចក្ដី​សន្តិ‌សុខ ហើយ​នឹង​សេចក្ដី​ពិត​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66