អេសាយ 51 KHOV

ព្រះ‌អម្ចាស់​រំដោះ​ពូជ‌ពង្ស​លោក​អ័ប្រា‌ហាំ

1 ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ

2 ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​អយ្យកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ

3 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​ពីរំ‌ពីរោះ​ផង។

4 ឱ​រាស្ត្រ​អញ​អើយ ចូរ​ប្រុង​ស្តាប់​តាម​អញ ឱ​សាសន៍​របស់​អញ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​អញ​ចុះ ដ្បិត​នឹង​មាន​ច្បាប់​១​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍

5 ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​នឹង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ

6 ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សំលៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

7 ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន‌ជាតិ​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ

8 ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។

9 ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី

10 តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជំរៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សំរាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ

11 ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចំរៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។

12 អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ

13 ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា

14 បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ

15 ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ

16 អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀប‌ចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

17 ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ

18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សំរាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ

19 សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ និង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន

20 ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។

21 ដូច្នេះ ឯង​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ

22 ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ

23 អញ​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​ឯង​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ ហើយ​ឯង​បាន​ដេក​ទៅ ឲ្យ​ខ្នង​ឯង​បាន​រាប​ដូច​ជា​ដី សំរាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66