1 នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។មើល គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ
2 មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
3 ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស និងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អរបស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ។
4 នៅគ្រានោះ សិរីល្អរបស់ពួកយ៉ាកុបនឹងអន់ថយទៅ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គាំងស្គមទៅវិញ
5 ដំណើរនោះនឹងបានដូចជាកាលអ្នកចំរូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
6 នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
7 នៅគ្រានោះមនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល
8 គេនឹងលែងមើលទៅរកអាសនាជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំទៅឯរូបព្រះ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀតឡើយ
9 នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង
10 ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកំឡាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង
11 នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចំរូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
12 វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹក ដូចជាសន្ធឹកសមុទ្រ និងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង
13 សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ
14 នៅពេលល្ងាចគេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។