អេសាយ 52 KHOV

ព្រះ‌ជា‌ម្ចាស់​នឹង​លើក​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ

1 ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កំឡាំង​របស់​ឯង ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ

2 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​ឯង​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​ឯង​ចេញ។

3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​នឹង​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ

4 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង​រាស្ត្រ​អញ​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ

5 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​អញ​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​តែ​ថ្ងៃ នាម​អញ​ត្រូវ​ប្រមាថ​ជានិច្ច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 ហេតុ​នោះ​រាស្ត្រ​អញ​នឹង​ស្គាល់​នាម​អញ ហេតុ​នោះ​គេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​អញ​នេះ​ហើយ ដែល​ចេញ​វាចា មើល គឺ​អញ​នេះ​ហើយ។

ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ‌សាន្ត

7 អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ

8 មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​ឯង គេ​បន្លឺ​ឡើង​ច្រៀង​ជា​មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ

9 អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ

10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

11 ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ

12 ដ្បិត​ឯង​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​នឹង​ការ‌ពារ​នៅ​ខាង​ក្រោយ​ឯង​ផង។

ទុក្ខ​លំបាក​នៃ​អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់

13 មើល អ្នក​បំរើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន‌ប្រយែង ទ្រង់​នឹង​បាន​ដំកើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់

14 មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់ ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង)

15 នោះ​ទ្រង់​នឹង​ប្រោស​លើ​សាសន៍​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់ នៅ​ចំពោះ​ទ្រង់ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ​ឡើយ ហើយ​សេចក្ដី​ដែល​គេ​មិន​បាន​ឮ​ថ្លែង​ប្រាប់​មក​សោះ នោះ​គេ​នឹង​បាន​យល់​ច្បាស់​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66