អេសាយ 50 KHOV

ព្រះ‌អម្ចាស់​មិន​បោះ‌បង់​អ៊ីស្រា‌អែល​ទេ

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ

2 ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ

3 អញ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ទៅ ដោយ​សំពត់​ធ្មៃ​ផង។

អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះ‌អង្គ​បាន​ជួយ​សង្គ្រោះ​លោក

4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ

5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក‌ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ

7 ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​កាត់​ចិត្ត​ឲ្យ​រឹង​ដូច​ថ្ម​ដែក​ភ្លើង​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ

8 ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ទ្រង់​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត ចូរ​យើង​ឈរ​ឡើង​ជា​មួយ​គ្នា តើ​អ្នក​ណា​ដែល​ជា​ទំនាស់​នឹង​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ

9 មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន មើល គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សំលៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។

10 ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បំរើ​ទ្រង់ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ

11 នែ អស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​ក្នុង​អណ្តាត​ភ្លើង​របស់​ឯង ហើយ​កណ្តាល​កន្ទុយ​ឧស​ដែល​ឯង​បាន​បង្កាត់​នោះ​ចុះ ឯង​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​អញ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66