អេសាយ 10 KHOV

1 វេទនា​ដល់​ពួក​អ្នក ដែល​ចេញ​បញ្ញត្ត​ទុច្ចរិត និង​ពួក​អ្នក​ដែល​តែង​ច្បាប់​វៀច‌វេរ

2 ដើម្បី​នឹង​បង្វែរ​ពួក​កំសត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ ក្នុង​ពួក​រាស្ត្រ​របស់​អញ ឲ្យ​តែ​បាន​ពួក​ស្រី​មេម៉ាយ​ទុក​ជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន

3 តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា

4 នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក ដែល​ត្រូវ​គេ​សំឡាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

ព្រះ‌ជា‌ម្ចាស់​ប្រើ​កង‌ទ័ព​អាស្ស៊ីរី​ជា​ឧបករណ៍ ដាក់​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

5 វេទនា​ដល់​ពួក​សាសន៍​អាស‌ស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ

6 អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១ ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង

7 ប៉ុន្តែ​គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ

8 ដ្បិត​គេ​ថា ឯ​ចៅ‌ហ្វាយ​របស់​អញ​ទាំង​ប៉ុន្មាន តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ​អី

9 ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី

10 ដៃ​អញ​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ

11 ចុះ​តើ​អញ​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី។

12 ព្រោះ​ហេតុ​នោះ កាល​ណា​អញ ជា​ព្រះ‌អម្ចាស់​បាន​សំរេច​គ្រប់​ទាំង​ការ​របស់​អញ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ ដោយ​ព្រោះ​ការ ដែល​សេចក្ដី​អំនួត​របស់​គេ​បាន​ធ្វើ ហើយ​ដល់​សេចក្ដី​អង់‌អាច​នៃ​ឫក​ខ្ពស់​របស់​គេ​ដែរ។

13 ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កំឡាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទំលាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់

14 ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប‌រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កំរើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេច‌ចាច​ឡើយ។

15 ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង

16 ព្រោះ​ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់​សេចក្ដី​ស្គម‌ស្គាំង​ទៅ​កណ្តាល ពួក​ធាត់ៗ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ

17 ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សំរាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១

18 ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ និង​ចំការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នោះ​នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ

19 ឯ​សំណល់​ដើម​ឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​បាន​តិច​ណាស់ ដល់​ម៉្លេះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

20 នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​លើ​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ

21 ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ

22 ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន‌ជាតិ​ឯង​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់

23 ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្តាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សំរេច​ហើយ។

ព្រះ‌អម្ចាស់​នឹង​កំទេច​ស្រុក​អាស្ស៊ីរី

24 ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​រាស្ត្រ​អញ ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​ឯង​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​ឯង ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ

25 ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សំរេច ហើយ​សេចក្ដី​កំហឹង​របស់​អញ នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ

26 ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

27 នៅ​ថ្ងៃ​នោះ​បន្ទុក​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ស្មា​ឯង​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​ឯង នឹង​បាត់​ចេញ​ពី​ក​ឯង​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ ដោយ​ព្រោះ​ពិធី​លាប​ប្រេង។

28 គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ

29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ

30 ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎

31 ពួក​ម៉ាត‌មេណា​បាន​រត់​រួច​ទៅ​ហើយ ឯ​ពួក​កេប៊ីម​ក៏​កំពុង​តែ​រត់​ដែរ

32 នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម

33 មើល ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កំពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់ នឹង​ត្រូវ​បន្ទាប​វិញ

34 ទ្រង់​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66