អេសាយ 57 KHOV

1 មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ​ឥត​មាន​អ្នក​ណា​ពិចារណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ​ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ

2 អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គេ​សំរាក​នៅ​លើ​ដំណេក​របស់​ខ្លួន គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។

3 ឯ​ឯង​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​សំផឹង​អើយ ចូរ​មក​ជិត​នេះ​ចុះ

4 តើ​ឯង​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា ឯង​ហា​មាត់​ចំអក ហើយ​លៀន​អណ្តាត​ឲ្យ​អ្នក​ណា តើ​ឯង​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា គឺ​ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ​អី

5 ឯង​រាល់​គ្នា​ជា​អ្នក​កំរើប​រោល‌រាល​ចំពោះ​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សំឡាប់​កូន​ក្មេង​នៅ​ក្រហែង​ថ្ម​ត្រង់​អស់​ទាំង​ច្រក​ភ្នំ

6 ចំណែក​របស់​ឯង គឺ​នៅ​កណ្តាល​អស់​ទាំង​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ ឯង​បាន​ច្រួច​ដង្វាយ​ច្រួច និង​ដង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​ឯង​ហើយ តើ​គួរ​ឲ្យ​អញ​រសាយ​សេចក្ដី​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ​អី

7 ឯង​បាន​ដាក់​គ្រែ​ដេក​របស់​ឯង​នៅ​លើ​កំពូល​ភ្នំ​ធំ​ខ្ពស់ គឺ​នៅ​ទី​នោះ​ដែល​ឯង​បាន​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដែរ

8 ឯង​បាន​ដំឡើង​ទី​រំឭក​ពី​ឯង​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​ឯង​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​អញ ឯង​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​ឯង​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ ឯង​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ

9 ឯង​បាន​នាំ​ដង្វាយ ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចំរើន​គ្រឿង​ក្រអូប​របស់​ឯង​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​ឯង​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

10 ឯង​ត្រូវ​អស់​កំឡាំង ដោយ​ផ្លូវ​របស់​ឯង​វែង​ឆ្ងាយ ប៉ុន្តែ​ឯង​មិន​បាន​ថា​ជា​បង់​កំឡាំង​ទទេ​នោះ​ទេ គឺ​ឯង​បាន​ទទួល​សេចក្ដី​ចំរើន​កំឡាំង​វិញ បាន​ជា​ឯង​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។

11 តើ​ឯង​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​ឯង​កុហក ហើយ​មិន​បាន​នឹក​ដល់​អញ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​អញ​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ​អី ប៉ុន្តែ​ឯង​មិន​បាន​កោត‌ខ្លាច​ដល់​អញ​សោះ

12 អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ

13 កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។

ព្រះ‌អម្ចាស់​ប្រោស​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ឲ្យ​ជា

14 នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀប‌ចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ

15 ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត​ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ

16 ដ្បិត​អញ​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជានិច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​អញ ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នេះ​ដែរ

17 អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច

18 អញ​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំ​មុខ​គេ​ដែរ ព្រម​ទាំង​កំសាន្ត​ចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ ឲ្យ​បាន​ក្សាន្ត​ឡើង​ផង

19 គឺ​អញ​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា

20 តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង

21 ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66