អេសាយ 40 KHOV

ភាគទីពីរ ព្រះ‌ជា‌ម្ចាស់​សំរាល​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល

សេចក្ដី​ប្រកាស​ស្តី​អំពី​ការ​សង្គ្រោះ

1 ព្រះ​នៃ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​កំសាន្ត​ទុក្ខ ចូរ​កំសាន្ត​ទុក្ខ​រាស្ត្រ​អញ​ចុះ

2 ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។

3 មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​សំរាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

4 ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ

5 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

6 មាន​ឮ​សំឡេង​១​កំពុង​តែ​ថា ចូរ​ប្រកាស​ចុះ នោះ​មាន​ម្នាក់​សួរ​ថា តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច ចូរ​ថា មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល

7 ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តា‌ជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ

8 ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

9 ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៍ ព្រះ​នៃ​អ្នក​រាល់​គ្នា

10 មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ទ្រង់​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់

11 ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

12 តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ

13 តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា

14 តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិ‌ធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់

15 មើល អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​១​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លំអង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ មើល ទ្រង់​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច‌តួច

16 ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ​ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​ដង្វាយ​ដុត​ផង

17 អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

18 ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី

19 ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង

20 ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​ឲ្យ​មក​ឆ្លាក់​ធ្វើ​រូប​១​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ

21 តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​ទេ​ឬ​អី

22 គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ

23 ទ្រង់​ទំលាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ

24 អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង អើ ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ ទ្រង់​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង

25 ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ

26 ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

27 ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​ឯង​បាន​រំលង​ផុត​ពី​ព្រះ​នៃ​ឯង​ដូច្នេះ

28 តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ

29 ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ

30 ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង

31 តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66