អេសាយ 13 KHOV

ទោស​របស់​រាជា‌ណា‌ចក្រ​បាប៊ី‌ឡូន

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ី‌ឡូន។

2 ចូរ​លើក​ទង់​១​សំរាប់​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ​ត្រងិល​ចុះ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់

3 អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សំរាប់​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ

4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សំរាប់​ចូល​ច្បាំង

5 គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។

6 ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

7 ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង អស់​នឹង​រលត់​ទៅ

8 គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ

9 មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់​ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ

10 ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ

11 អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ៍​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់

12 អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត

13 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

14 នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​អ្នក​គង្វាល គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា

15 ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ នោះ​នឹង​ត្រូវ​ចាក់​ទំលុះ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ

16 កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ភ្នែក ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌ជាន់ ឯ​ប្រពន្ធ​គេ នឹង​ត្រូវ​កំហែង​ចិត្ត។

17 មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ

18 ឯ​ធ្នូ​របស់​សាសន៍​នោះ​នឹង​ផ្តួល​ពួក​កំឡោះៗ​អស់​រលីង​ទៅ គេ​នឹង​ឥត​មាន​មេត្តា​ចំពោះ​ផល​កើត​ពី​ផ្ទៃ​ឡើយ ភ្នែក​គេ​មិន​ចេះ​ប្រណី​ដល់​ពួក​ក្មេងៗ​ដែរ

19 នោះ​ក្រុង​បាប៊ី‌ឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លំអ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​បង់

20 ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ​របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ

21 គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន​បាន​ដេក​នៅ​ទី​នោះ​វិញ ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូសទ្រីច​នឹង​អាស្រ័យ​នៅ ហើយ​ពពែ​ព្រៃ​នឹង​លោត‌កញ្ឆេង​នៅ​ទី​នោះ

22 ហ្វូង​ឆ្កែ​ព្រៃ នឹង​លូ​នៅ​ក្នុង​ដំណាក់​របស់​គេ ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66