អេសាយ 20 KHOV

ទី​សំគាល់​របស់​ព្យាការី​អេសាយ​ស្តី​អំពី​ជ័យ‌ជំនះ​របស់​ជន‌ជាតិ​អាស្ស៊ីរី​លើ​ជន‌ជាតិ​អេស៊ីប

1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ

2 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​អេសាយ ជា​កូន​អ័ម៉ូស​ថា ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​ឯង ហើយ​ដោះ​ស្បែក​ជើង​ចេញ នោះ​លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អេសាយ​ជា​អ្នក​បំរើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ​ទុក​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ និង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា

4 នោះ​ស្តេច​អាស‌ស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​អេធីយ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ​ផង យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស ដល់​សាសន៍​អេស៊ីព្ទ

5 គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ

6 នៅ​ថ្ងៃ​នោះ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ គេ​នឹង​ពោល​ថា មើល​ចុះ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​អាស‌ស៊ើរ បាន​ត្រឡប់​ជា​យ៉ាង​នេះ​ទៅ​វិញ​ហ្ន៎ ឯ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66