1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃការជាក់ស្តែង។តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ
2 ឱឯងដែលពេញដោយសំរែក ជាទីក្រុងអ៊ឹកធឹកគ្រឹកគ្រេង ជាតំបន់អរសប្បាយអើយ ពួកឯងដែលត្រូវគេសំឡាប់ នោះមិនបានស្លាប់ដោយដាវទេ ក៏មិនបានស្លាប់ក្នុងចំបាំងដែរ
3 ពួកអ្នកដែលគ្រប់គ្រងលើឯង គេបានរត់ទៅជាមួយគ្នា តែពួកពលធ្នូចាប់ចងគេបានហើយ ពួកឯងដែលគេរកឃើញ ជាពួកអ្នកដែលបានរត់ទៅឆ្ងាយហើយ នោះក៏ត្រូវគេចាប់ចងជាមួយគ្នា
4 ដូច្នេះ ខ្ញុំបាននិយាយថា ចូរបែរមុខពីខ្ញុំចេញ ខ្ញុំនឹងយំយ៉ាងក្រំចិត្ត កុំឲ្យខំជួយកំសាន្តទុក្ខខ្ញុំ ពីដំណើរពួកកូនស្រីរបស់សាសន៍ខ្ញុំ ដែលត្រូវបំផ្លាញឡើយ
5 ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃការជាក់ស្តែង គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
6 ពួកអេឡាំ ជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចំបាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ
7 យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង
8 គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា ហើយនៅថ្ងៃនោះ ឯងបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ
9 ឯងរាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ ឯងរាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក
10 ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង
11 ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយ នោះទេ។
12 នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់បានហៅឯងរាល់គ្នា ឲ្យមកយំ ឲ្យមកសោយសោក កោរសក់ ហើយស្លៀកសំពត់ធ្មៃ
13 តែមើល មានសុទ្ធតែអំណរ ហើយរីករាយវិញ ជាការសំឡាប់គោ និងចៀម ស៊ីសាច់ ហើយផឹកស្រាទំពាំងបាយជូរ ដោយពោលថា ចូរយើងស៊ីហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះយើងត្រូវស្លាប់ហើយ
14 នោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានបើកសំដែងអង្គទ្រង់នៅត្រចៀកខ្ញុំថា ពិតប្រាកដជាសេចក្ដីទុច្ចរិតនេះ នឹងមិនបានអត់ទោសឲ្យឯងរាល់គ្នាឡើយ ដរាបដល់ឯងរាល់គ្នាស្លាប់បង់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
15 ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរទៅរកអ្នកឧកញ៉ានោះចុះ គឺសេបណា ដែលត្រួតត្រាលើព្រះរាជដំណាក់ ហើយសួរថា
16 ឯងមានការអ្វីនៅទីនេះ តើមានញាតិសន្តានណានៅទីនេះ បានជាឯងធ្វើម៉ុងសំរាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសំរាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសំរាប់ខ្លួននៅក្នុងថ្ម
17 មើល ព្រះយេហូវ៉ាទ្រង់នឹងបោះឯងចោលទៅដោយកំឡាំង អើ ទ្រង់នឹងរុំឯងយ៉ាងជិត
18 ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ គឺនៅទីនោះ ដែលនឹងមានរទេះដ៏រុងរឿងរបស់ឯង ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ
19 អញនឹងបណ្តេញឯងពីដំណែងចេញ ហើយឯងនឹងត្រូវទំលាក់ចុះពីការងារទៅ
20 នៅគ្រានោះ អញនឹងហៅអេលាគីមជាកូនហ៊ីលគីយ៉ា ជាអ្នកបំរើរបស់អញមក
21 ហើយនឹងយកអាវយសរបស់ឯងមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកំឡាំងឡើង ដោយខ្សែក្រវាត់របស់ឯងផង អញនឹងប្រគល់អំណាចត្រួតត្រារបស់ឯង ទៅក្នុងកណ្តាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ
22 អញនឹងយកកូនសោនៃវង្សដាវីឌ ដាក់លើស្មាគាត់ នោះគាត់នឹងបើកឥតមានអ្នកណាបិទបានឡើយ ក៏នឹងបិទទៅ ឥតមានអ្នកណាបើកបានដែរ
23 អញនឹងបោះគាត់ភ្ជាប់ទៅ ដូចជាបោះដែកគោលជាប់នៅកន្លែង១ដែលស្ថិតស្ថេរ ហើយគាត់នឹងបានសំរាប់ជាបល្ល័ង្កដ៏រុងរឿង ដល់វង្សារបស់បិតាគាត់
24 គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ និងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែង រហូតដល់ថូទាំងអស់ផង
25 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ ដែកគោលដែលបានបោះភ្ជាប់នៅទីដែលស្ថិតស្ថេរ នោះនឹងត្រូវរដកចេញ រួចត្រូវកាប់ផ្តួលចុះ ហើយដួលជាពិត ឯបន្ទុកដែលគេបានពាក់នៅលើដែកគោលនោះ នឹងត្រូវកាត់ផ្តាច់ចេញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលហើយ។