10 ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ
11 នៅតាមផ្លូវមានឮសំឡេងគេស្រែករកស្រាទំពាំងបាយជូរ សេចក្ដីអំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ
12 នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ
13 ដ្បិតនៅក្នុងបណ្តាជនជាតិដែលនៅកណ្តាលផែនដី នឹងត្រូវបានដូច្នោះ ដូចជាការអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ។
14 ពួកអ្នកទាំងនេះនឹងបន្លឺឡើង ហើយស្រែកដោយអំណរ គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា
15 ដូច្នេះចូរលើកដំកើងព្រះយេហូវ៉ានៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅស្រុកក្បែរសមុទ្រ
16 យើងបានឮបទចំរៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង