1 នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា យើងមានទីក្រុង១ដ៏មាំមួន ទ្រង់នឹងដំរូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង
2 ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ
3 ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់
4 ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច
5 ទ្រង់បានទំលាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ទ្រង់រំលំចុះ គឺទ្រង់រំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង
6 ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកំសត់ទុគ៌តផង
7 សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។