13 ព្រះអម្ចាស់ទ្រង់ក៏មានព្រះបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដី នឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
14 ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។
15 វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង
16 យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ។
17 នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចំការដុះដាល ហើយចំការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ
18 នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង
19 មនុស្សរាបសា នឹងមានសេចក្ដីអំណរចំរើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល