3 អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចំបាំងច្បាំងនឹងឯង
4 នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
5 ប៉ុន្តែពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង
6 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្តាតភ្លើងដែលឆេះបំផ្លាញ
7 នោះពួកដ៏មានច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនឹងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជាការជាក់ស្តែងនៅពេលយប់ទេ
8 នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
9 ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ