1 ដ្បិតមើល ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនឹងបង្អែកចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ
2 អើ ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចំបាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ
3 ទាំងមេត្រួតលើ៥០នាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយនឹងអ្នកមានវោហារយ៉ាងចំណានផង
4 នោះអញនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ
5 បណ្តាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នក១នឹងសង្កត់សង្កិន១ទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សជាន់ទាបនៅចំពោះមនុស្សជាន់ខ្ពស់ដែរ
6 កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
7 នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ
8 ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្តាតគេ ហើយនឹងអំពើរបស់គេ ដែលសុទ្ធតែបង្អុចបង្អាលដល់ព្រះនេត្រដ៏មានសិរីនៃព្រះយេហូវ៉ា
9 ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុំម គេមិនខំបិទបាំងទេ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ
10 ចូរថ្លែងប្រាប់ថាមនុស្សសុចរិតនឹងបានសេចក្ដីសុខវិញ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត
11 វេទនាដល់មនុស្សអាក្រក់គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
12 ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
13 ព្រះយេហូវ៉ាទ្រង់កំពុងឈរ ដើម្បីតវ៉ា ទ្រង់ឈរដើម្បីជំនុំជំរះជនជាតិទាំងឡាយ
14 ព្រះយេហូវ៉ាទ្រង់នឹងកើតមានក្តីនឹងពួកចាស់ទុំនៃរាស្ត្រទ្រង់ ហើយនឹងពួកចៅហ្វាយថា គឺឯងរាល់គ្នាហើយ ដែលបានស៊ីបង្ហិនចំការទំពាំងបាយជូរ ឯរបឹបដែលរឹបជាន់យកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះឯងទាំងអស់
15 ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលសួរថា តើឯងរាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រអញ ហើយបុកបែនមុខរបស់មនុស្សទាល់ក្រដូច្នេះ។
16 មួយទៀត ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង
17 ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ
18 នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងដកសេចក្ដីលំអនៃកងជើង សំណាញ់សក់ កងក
19 ទំហូ កងដៃ ស្បៃ
20 ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា
21 ចិញ្ចៀនត្បូងតែងច្រមុះ
22 សំលៀកបំពាក់សំរាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ
23 កញ្ចក់ អាវសារូ មួក និងក្រមារបស់គេចេញ
24 នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន
25 ពួកប្រុសៗរបស់ឯងនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់ឯងនឹងស្លាប់ក្នុងចំបាំង
26 នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក ឯនាង នឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។