13 ឱឯងរាល់គ្នាដែលនៅឆ្ងាយអើយ ចូរស្តាប់ពីការដែលអញបានធ្វើ ហើយឯងរាល់គ្នាដែលនៅជិតដែរ ចូរទទួលស្គាល់ឫទ្ធិរបស់អញចុះ
14 ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះភ្លើងដ៏ឆេះបន្សុសនេះបាន ក្នុងពួកយើងតើមានអ្នកណាអាចនឹងនៅចំពោះការ ដ៏ឆេះនៅអស់កល្បជានិច្ចបាន
15 គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កំរៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកំចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង
16 អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ។
17 ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្ដីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត
18 ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា
19 ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន