អេសាយ 36 KHOV

ស្តេច​ស្រុក​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម

1 រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

2 រួច​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចំការ​ជាង​ប្រមោក

3 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា​ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា​កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ ក៏​ចេញ​ទៅ​ឯ​លោក។

4 រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

5 អញ​ថា គំនិត​របស់​ឯង និង​កំឡាំង​សំរាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

6 មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

7 តែ​បើ​ឯង​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​វិញ

8 ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

9 បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅ‌ហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចំបាំង និង​ទ័ព​សេះ​ទៀត

10 តើ​អញ​បាន​ឡើង​មក​ច្បាំង​បំផ្លាញ​ស្រុក​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

11 ឯ​អេលា‌គីម សេបណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

12 តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ។

13 នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​អាស‌ស៊ើរ​ចុះ

14 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​មិន​អាច​នឹង​ជួយ ឲ្យ​ឯង​រាល់​គ្នា​រួច​បាន​ទេ

15 ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ

16 កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​នឹង​បាន​ស៊ី​ផល​ចំការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ក៏​នឹង​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា

17 ដរាប​ដល់​អញ​មក​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង និង​ចំការ​ទំពាំង‌បាយ‌ជូរ​ផង

18 ចូរ​ប្រយ័ត្ន​ក្រែង​ហេសេគា​បបួល​ឯង​រាល់​គ្នា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​រួច​ជា​មិន​ខាន តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន

19 តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ

20 ក្នុង​បណ្តា​ព្រះ​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​ក្រុង​យេរូ‌សាឡិម រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។

21 ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក សូម្បី​តែ​១​ម៉ាត់​ផង ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ

22 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66