1 ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង
2 តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ
3 អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ
4 តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ
5 កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត
6 គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង
7 ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។