អេសាយ 42 KHOV

អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់

1 មើល នេះ​នែ​អ្នក​បំរើ​របស់​អញ ដែល​អញ​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​អញ ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​អញ អញ​បាន​ដាក់​វិញ្ញាណ​អញ​ឲ្យ​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​សំដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌

2 ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ

3 ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត

4 ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។

5 ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

6 អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តា‌ជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍

7 ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង

8 អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ

9 មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។

បទ​ចំរៀង​ថ្មី

10 ឯង​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​ផង ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​សរសើរ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ចុះ

11 ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ

12 ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិសព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ទ្រង់​ដល់​អស់​ទាំង​កោះ

13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្តាល​សេចក្ដី​ឧស្សាហ៍​ឡើង​ដូច​ជា​មនុស្ស​ថ្នឹក​ចំបាំង ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។

14 អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទំលាយ​ចេញ​តែ​ម្តង

15 អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ

16 អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ

17 ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។

18 ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ

19 តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បំរើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា

20 ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ

21 ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់

22 ប៉ុន្តែ​សាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សំរាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សំរាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។

23 តើ​មាន​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សំរាប់​គ្រា​ទៅ​ខាង​មុខ​នោះ

24 តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​ទៅ​ជា​របឹប ហើយ​ពួក​អ៊ីស្រា‌អែល​ដល់​ពួក​ចោរ​ដូច្នេះ តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ

25 គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66