អេសាយ 42:19-25 KHOV

19 តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បំរើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា

20 ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ

21 ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់

22 ប៉ុន្តែ​សាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សំរាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សំរាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។

23 តើ​មាន​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សំរាប់​គ្រា​ទៅ​ខាង​មុខ​នោះ

24 តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​ទៅ​ជា​របឹប ហើយ​ពួក​អ៊ីស្រា‌អែល​ដល់​ពួក​ចោរ​ដូច្នេះ តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ

25 គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។