3 អញនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
4 អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ និងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ
5 អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ
6 ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ
7 គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8 ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា ឯអញ គឺយេហូវ៉ា អញបានបង្កើតសេចក្ដីនោះឡើង។
9 វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី