អេសាយ 46 KHOV

ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូន និង​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1 ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​ឯង​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់

2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

3 ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ នឹង​អ្នក​រាល់​គ្នា​ជា​សំណល់​នៃ​វង្សា​អ៊ីស្រា‌អែល​ដែរ ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃ​ម្តាយ​មក ចូរ​ស្តាប់​អញ​ចុះ

4 គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង

5 តើ​ឯង​រាល់​គ្នា​នឹង​ធៀប​អញ​ដូច​ជា​អ្នក​ណា និង​ផ្ទឹម​អញ​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​អញ​ឲ្យ​បាន​ដូច​ជា​អ្នក​ណា

6 ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទំលាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ

7 គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ អើ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ គង់​តែ​មិន​ចេះ​តប​ឆ្លើយ ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​ទៅ​បាន​ឡើយ។

8 ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សំដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ

9 ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ

10 តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ

11 អញ​បាន​ហៅ​ឥន្ទ្រី​១​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សំរេច​តាម​គំនិត​របស់​អញ ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ អើ អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សំរេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង។

12 ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​អញ​ចុះ

13 អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សំរាប់​ពួក​អ៊ីស្រា‌អែល ដែល​ជា​សិរី‌ល្អ​របស់​អញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66