អេសាយ 47:7-13 KHOV

7 ហើយ​បាន​គិត​ថា ឯង​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ បាន​ជា​ឯង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។

8 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ

9 តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ

10 ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ

11 ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។

12 ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត និង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល​បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន

13 ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ