1 ម្នាលកោះទាំងឡាយអើយ ចូរស្តាប់អញចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
2 ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់
3 ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ឯងជាអ្នកបំរើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង
4 តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កំឡាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែសេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
5 ឥឡូវនេះ ទ្រង់មានព្រះបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ
6 អើ ទ្រង់មានព្រះបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត