អេសាយ 49:6-12 KHOV

6 អើ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បំរុង​ទុក​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច‌តួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត

7 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ដល់​អ្នក​នោះ ដែល​មនុស្ស​ទាំង‌ឡាយ​មិន​អើ‌ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បំរើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្តា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​បាន​រើស​ឯង។

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សំរាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បំរុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តា‌ជន ប្រយោជន៍​នឹង​រៀប‌ចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក

9 ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​សំដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ

10 គេ​នឹង​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក

11 អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង

12 មើល​ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម