1 ឱឯងរាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមអញចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់ឯងរាល់គ្នាចេញមក ហើយទៅឯរំលុង គឺជារណ្តៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះ
2 ចូរមើលទៅឯអ័ប្រាហាំ ជាអយ្យកោឯង ហើយទៅឯសារ៉ាដែលបង្កើតឯងមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះអញបានហៅមក ក៏បានឲ្យពរផង ហើយបានចំរើនឲ្យមានគ្នាជាច្រើនវិញ
3 ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ នឹងមានសេចក្ដីអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងពីរំពីរោះផង។
4 ឱរាស្ត្រអញអើយ ចូរប្រុងស្តាប់តាមអញ ឱសាសន៍របស់អញអើយ ចូរផ្ទៀងត្រចៀកចំពោះអញចុះ ដ្បិតនឹងមានច្បាប់១ចេញពីអញទៅ ហើយអញនឹងតាំងសេចក្ដីយុត្តិធម៌របស់អញ ទុកជាពន្លឺដល់អស់ទាំងសាសន៍
5 ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ
6 ចូរងើយភ្នែកមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់អញនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់អញនឹងមិនត្រូវលើកចោលឡើយ។