4 ឱរាស្ត្រអញអើយ ចូរប្រុងស្តាប់តាមអញ ឱសាសន៍របស់អញអើយ ចូរផ្ទៀងត្រចៀកចំពោះអញចុះ ដ្បិតនឹងមានច្បាប់១ចេញពីអញទៅ ហើយអញនឹងតាំងសេចក្ដីយុត្តិធម៌របស់អញ ទុកជាពន្លឺដល់អស់ទាំងសាសន៍
5 ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ
6 ចូរងើយភ្នែកមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់អញនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់អញនឹងមិនត្រូវលើកចោលឡើយ។
7 ឯងរាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់អញនៅក្នុងចិត្តអើយ ចូរស្តាប់តាមអញចុះ កុំឲ្យខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ
8 ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចុះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះផង ដរាបដល់អស់ទាំងដំណមនុស្សតទៅ។
9 ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
10 តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ