អេសាយ 54:10-16 KHOV

10 ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ​សេចក្ដី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង។

11 ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង

12 អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត និង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​ដំឡៃ

13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ

14 ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ

15 មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង

16 មើល អញ​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សំរាប់​ជា​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សំរាប់​នឹង​បំផ្លាញ​ផង