2 រាល់តែថ្ងៃគេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ
3 គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង
4 មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលឯងតមអត់នោះ គឺមិនមែនមានប្រយោជន៍ឲ្យសំឡេងឯងបានឮទៅដល់ស្ថានលើឡើយ
5 តើជាការតមអត់បែបយ៉ាងនោះ គឺជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនដូច្នេះ ដែលជាទីពេញចិត្តដល់អញឬ ដែលគ្រាន់តែឱនក្បាលដូចជាដើមបបុស ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើល្មមប៉ុណ្ណោះឬ នេះឬដែលឯងហៅថា ការតមអត់ ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ
6 តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
7 តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី
8 យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង