13 គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
14 ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន
15 អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះ ក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
16 ទ្រង់ឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សំរាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ទ្រង់បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ទ្រង់ក៏ទប់ទល់ទ្រង់
17 ទ្រង់បានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ក៏ទ្រង់ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាគ្រលុំអង្គ
18 ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ
19 យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃទ្រង់ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងនឹងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងលើកទង់ជ័យឡើងទាស់នឹងវា