អេសាយ 60:16-22 KHOV

16 ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​យ៉ាកុប

17 អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់‌គ្រង​លើ​ឯង​ផង

18 នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា «សេចក្ដី​សង្គ្រោះ»ហើយ​ទ្វារ​ឯង​ថា «សេចក្ដី​សរសើរ»

19 គ្រា​នោះ​ព្រះ‌អាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ​ដល់​ឯង​នៅ​ពេល​ថ្ងៃ ឯ​ព្រះ‌ចន្ទ​ក៏​នឹង​លែង​បាន​សំរាប់​ជា​ពន្លឺ​ដល់​ឯង​ត​ទៅ គឺ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ដល់​ឯង​វិញ ហើយ​ព្រះ​នៃ​ឯង​នឹង​ជា​សិរី‌ល្អ​ដល់​ឯង​ដែរ

20 ព្រះ‌អាទិត្យ​របស់​ឯង​នឹង​លែង​លិច ហើយ​ព្រះ‌ចន្ទ​របស់​ឯង​នឹង​មិន​ជ្រេ​ទៀត​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ដល់​ឯង ហើយ​គ្រា​នៃ​សេចក្ដី​សោក‌សៅ​របស់​ឯង​នឹង​ផុត​ទៅ

21 ពួក​អ្នក​នៅ​ក្នុង​ឯង​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មរដក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​អញ​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​អញ​បាន​ធ្វើ ដើម្បី​ឲ្យ​អញ​បាន​ដំកើង​ឡើង

22 អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច​នឹង​ត្រឡប់​ទៅ​ជា​សាសន៍១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់។