1 តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដំម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសំលៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺអញនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ
2 ហេតុអ្វីបានជាព្រះពស្ត្រទ្រង់មានពណ៌ក្រហម ហើយព្រះភូសាក៏ដូចជាអ្នកដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ
3 នេះគឺអញបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយនៅជាមួយនឹងអញឡើយ អើ អញបានជាន់គេដោយសេចក្ដីកំហឹង ហើយបានឈ្លីគេដោយសេចក្ដីឃោរឃៅរបស់អញ ឈាមគេបានខ្ទាតមកលើសំលៀកបំពាក់របស់អញ សំលៀកបំពាក់អញបានត្រូវប្រឡាក់ទាំងអស់ហើយ
4 ដ្បិតនៅក្នុងចិត្តអញបាននឹកពីថ្ងៃសងសឹក ឯឆ្នាំកំណត់នៃពួកប្រោសលោះរបស់អញ ក៏បានមកដល់ដែរ
5 អញក៏រកមើល តែគ្មានអ្នកណានឹងជួយសោះ អញបានអស្ចារ្យពីការដែលគ្មានអ្នកណានឹងជួយទប់ទល់ ដូច្នេះ ដើមដៃរបស់អញបាននាំសេចក្ដីសង្គ្រោះមកឯអញ ហើយសេចក្ដីឃោរឃៅរបស់អញបានទប់ទល់អញ
6 អញបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយសេចក្ដីកំហឹងរបស់អញ ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់អញ ហើយបានចាក់ឈាមគេចុះដល់ដីផង។
7 ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ជាធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលទ្រង់បានប្រោសដល់គេតាមសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ទ្រង់
8 ដ្បិតទ្រង់បានមានព្រះបន្ទូលថា គេជារាស្ត្រអញពិត គឺជាកូនចៅដែលមិនព្រមប្រព្រឹត្តដោយគៃកាញ់ឡើយ ដូច្នេះបានជាទ្រង់បានធ្វើជាព្រះអង្គសង្គ្រោះដល់គេ
9 ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។
10 តែគេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ
11 ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា
12 គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
13 ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន
14 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សំរាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលទ្រង់បាននាំរាស្ត្រទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះនាមទ្រង់បានរុងរឿងឧត្តម។
15 សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ និងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ
16 ពីព្រោះទ្រង់ជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ គង់តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ
17 ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់
18 រាស្ត្របរិសុទ្ធរបស់ទ្រង់បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ គេបានជាន់ឈ្លីទីបរិសុទ្ធនៃទ្រង់
19 យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលទ្រង់មិនបានគ្រប់គ្រងឡើយ គឺដូចជាពួកអ្នក ដែលមិនបានហៅតាមព្រះនាមទ្រង់វិញ។