2 ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់
3 នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់
4 ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ
5 ទ្រង់តែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីទ្រង់ក្នុងអស់ទាំងផ្លូវរបស់ទ្រង់ មើល ទ្រង់បានមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប យើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ ដូច្នេះ យើងខ្ញុំនឹងបានសង្គ្រោះឬ
6 ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់
7 ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
8 តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា