1 នេះជាការជាក់ស្តែងដែលអេសាយ ជាកូនអ័ម៉ូសបានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស ហើយនឹងហេសេគា ជាស្តេចស្រុកយូដា។
2 ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ
3 ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ
4 ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
5 ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ
6 ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ