18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
19 បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ
20 តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
21 ទីក្រុងស្មោះត្រង់បានក្បត់ជាសំផឹងដូច្នេះដែរហ្ន៎ គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សំឡាប់វិញ
22 ប្រាក់របស់ឯងបានត្រឡប់ទៅជាអាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់ឯង ក៏លាយដោយទឹកដែរ
23 ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
24 ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ