21 ទីក្រុងស្មោះត្រង់បានក្បត់ជាសំផឹងដូច្នេះដែរហ្ន៎ គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សំឡាប់វិញ
22 ប្រាក់របស់ឯងបានត្រឡប់ទៅជាអាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់ឯង ក៏លាយដោយទឹកដែរ
23 ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
24 ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ
25 អញនឹងលូកដៃទៅលើឯងទៀត ហើយនឹងសំអាតមន្ទិលសៅហ្មងរបស់ឯងចេញឲ្យស្អាត ព្រមទាំងដេញកំចាត់គ្រឿងលាយក្នុងចិត្តឯងផង
26 រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ
27 ក្រុងស៊ីយ៉ូននឹងបានលោះចេញដោយសារសេចក្ដីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្ដីសុចរិត