8 កូនស្រីរបស់ក្រុងស៊ីយ៉ូន នាងត្រូវលះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ ដូចជាជំរំនៅចំការត្រសក់ ដូចជាទីក្រុង ដែលត្រូវខ្មាំងឡោមព័ទ្ធហើយ
9 បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ។
10 ឱពួកគ្រប់គ្រងលើក្រុងសូដុំមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យរបស់ព្រះនៃយើងរាល់គ្នាចុះ
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ
12 កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ
13 កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ និងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ
14 ចិត្តអញស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើអញជាខ្លាំង អញក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ