13 ដ្បិតគេបានថា យើងបានធ្វើការនេះដោយកំឡាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទំលាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់
14 ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។
15 ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង
16 ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាល ពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ
17 ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែ១
18 ព្រមទាំងធ្វើឲ្យលំអនៃព្រៃ និងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ
19 ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។