17 ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែ១
18 ព្រមទាំងធ្វើឲ្យលំអនៃព្រៃ និងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ
19 ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
20 នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកលើមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដោយពិតត្រង់វិញ
21 ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ
22 ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិឯងបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសំរេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់
23 ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ។