អេសាយ 10:23-29 KHOV

23 ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្តាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សំរេច​ហើយ។

24 ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​រាស្ត្រ​អញ ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​ឯង​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​ឯង ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ

25 ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សំរេច ហើយ​សេចក្ដី​កំហឹង​របស់​អញ នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ

26 ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

27 នៅ​ថ្ងៃ​នោះ​បន្ទុក​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ស្មា​ឯង​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​ឯង នឹង​បាត់​ចេញ​ពី​ក​ឯង​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ ដោយ​ព្រោះ​ពិធី​លាប​ប្រេង។

28 គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ

29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ