27 នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯង នឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។
28 គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ
29 គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ
30 ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎
31 ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ
32 នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម
33 មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ